Jump to content

វណ្ណ មូលីវណ្ណ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី វណ្ណ ម៉ូលីវណ្ណ)
វណ្ណ មូលីវណ្ណ

កើត ២៣ វិច្ឆិកា ១៩២៦
ស្រុករាម, ខេត្តកំពត, កម្ពុជា
មរណៈភាព ២៨ កញ្ញា ២០១៧ (អាយុ ៩០)
ក្រុងសៀមរាប, ខេត្តសៀមរាប, កម្ពុជា
សញ្ជាតិ  កម្ពុជា
ផ្នែក ស្ថាបត្យកម្ម
ការសិក្សា សាលាវិចិត្រ​សិល្បៈជាតិជាន់ខ្ពស់ (École nationale supérieure des Beaux-Arts) ប៉ារីស បារាំង
ចលនា ស្ថាបត្យកម្មខ្មែរទំនើប
ស្នាដៃល្បីៗ សាលសន្និសីទចតុមុខ វិមានឯករាជ្យ ពហុកីឡដ្ឋានជាតិអូឡាំពិក សាលមហោស្រពព្រះសុរាម្រិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានភាសាបរទេស ទីស្តីការគណៈរដ្ឋមន្រ្តីចាស់ បុរី១០០ខ្នង វិមានរដ្ឋចំការមន

លោក វណ្ណ-មូលីវណ្ណ (1926-2017) (កើតនៅថ្ងៃ២៣ វិច្ឆិកា ១៩២៦) ឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញ​របស់​ប្រទេសកម្ពុជា។ លោក​បាន​រួម​ចំណែក​ជា​ច្រើន​ក្នុង​ស្ថាបត្យកម្ម​ដែល​គេ​ហៅ​ថា ស្ថាបត្យកម្ម​ខ្មែរ​ទំនើប នៅ​ក្នុង​សម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) នៅ​ពេល​ដែល​វប្បធម៌ខ្មែរ​មាន​​ការ​រីកចម្រើន​​ក្រោម​ព្រះ​រាជ​កិច្ច​ដឹកនាំ​​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ

សម្ដេច នរោត្តម-សីហនុ បាន​អនុម័ត​គោល​នយោបាយ​អភិវឌ្ឍន៍​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​សំណង់ ទី​ប្រជុំជន​ថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថាបត្យកម្ម។ លោក​ធ្លាប់​ជា​អតីត​ជើង​ចាស់​បង្អស់​នៃ​ជំនាន់​នៃ​ស្ថាបត្យកម្ម ដែល​បរិច្ចាគ​នូវ​រចនាបថ​តែ​មួយ​គត់​នៃ​ស្ថាបត្យកម្ម​ដែល​បញ្ចូល​គ្នា​កំឡុង​សម័យ​កាល​នេះ និង​ដែល​បាន​បង្កើត​ឡើង​នូវ​ស្ថាបត្យកម្មខ្មែរថ្មី

ជីវប្រវត្តិ

[កែប្រែ]

លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ លោក​បាន​ទទួល​សញ្ញាបត្រ​​ទុតិយភូមិ​​ពី​​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤ ហើយ​លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀនផ្នែក​ច្បាប់​នៅ​ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុង​ឆ្នាំ​១៩៤៦។ បន្ទាប់​ពី​សិក្សា​នៅ​ទីនោះ​រយៈពេល​មួយ​ឆ្នាំ លោក​ក៏​បាន​ប្ដួរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាលា​វិចិត្រសិល្បៈ​មួយ​នៅ​ប៉ារីស។ លោក​បាន​សិក្សា​នៅ Arretche studio ហើយ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ជាមួយ​នឹង​ចំណេះដឹង និង​ទេពកោសល្យ។ លោក​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ១៩៥៥។ មួយ​ឆ្នាំ​ក្រោយ​មក​ក៏​ត្រូវ​បាន​គេ​តែង​តាំង​ជា​​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា។ លោក​ជា​ព្រឹទ្ធបុរស​​ទីមួយ​​នៃ​​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ (ចាប់​ពី​ឆ្នាំ​១៩៦៥ ដល់ ឆ្នាំ​១៩៦៧) ។

នៅ​ទសវត្សរ៍​៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បាន​គូរ​ប្លង់​ស្ថាបនា​​អាគារ​ល្បីៗ​ជាច្រើន​នៅ​កម្ពុជា ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ។ នៅ​ទី​នោះ ស្នាដៃ​របស់​លោក ឈរ​យ៉ាង​សង្ហា​ប្រដុំ​ប្រសង​គ្នា​ជាមួយ​នឹង​សំណង់​អាគារបុរាណៗ វត្តអារាម និង​សំណល់​ពី​សម័យអាណានិគម។ កំឡុង​សម័យ​នោះ ដែល​គេ​ស្គាល់​ថា​ជា យុគមាស ស្នាដៃ​សំខាន់ៗ​របស់​លោក​មាន សាលសន្និសីទចតុមុខ អាគារគណរដ្ឋមន្ត្រី និង​វិមានរដ្ឋ។ លោក​ក៏​បាន​គូរ​ប្លង់​វត្ត​អារាម និង​ស្ថានទូត​ខ្មែរ​នៅ​បរទេស​ជា​ច្រើន​ផង​ដែរ។

នៅ​ឆ្នាំ​១៩៦២ លោក មូលីវណ្ណ បាន​រចនា​សំណង់​កីឡដ្ឋាន​ជាតិ​ដែល​មាន​សមត្ថភាព​ផ្ទុក​មនុស្ស ៦០០០០ នាក់ ដែល​នោះ​គឺជា​សង្វៀន​ដែល​គេ​ឲ្យ​តម្លៃ​ជាង​គេ​បំផុត​នៅ​ទូទាំង​អាស៊ីគ្នេយ៍។ កីឡដ្ឋាន​ត្រូវ​បាន​សាងសង់​ទៅ​ដល់​មាត្រដ្ឋាន​អូឡាំពិក គឺ​នៅ​តែ​ជា​កន្លែង​ជួបជុំ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា។ ដំបូង​ឡើយ ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ល្បឿន​យ៉ាង​លឿន ដើម្បី​ឲ្យ​ទាន់​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ល្បែង​កីឡា​អាស៊ី​ឆ្នាំ​១៩៦៣ តែ​ក្រោយ​មក​ត្រូវ​បាន​លុប​ចោល ហើយ​ត្រូវ​បាន​សម្ពោធ​នៅ​ឆ្នាំ១៩៦៤ អម​ដោយ​ហ្វូង​មនុស្ស​អបអរសាទ​រយ៉ាង​ច្រើន។ ពហុកីឡដ្ឋាន​នេះ​​បាន​ទទួល​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន​ដូចជា ល្បែងកីឡាក.ក.ប.ថ. និង ប្រធានាធិបតីបារាំង ទស្សនៈកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក ហ្សាលដឺហ៊្គោល នៅ​ឆ្នាំ​១៩៦៦។

នៅឆ្នាំ​១៩៦២ ដដែល​នោះ លោកក៏​បានស្ថាបនា​សាល មហោស្រពជាតិព្រះសុរាម្រិត (មហោស្រពជាតិកម្ពុជា) សាល​ពិព័រណ៍​ដែល​នៅ​ជិត​ខាង​ជាមួយ​នឹង​បទ​ពិសោធន៍​លំនៅដ្ឋាន​យ៉ាង​ទូលំទូលាយ។ ស្នាដៃ​មួយ​ដ៏​សំខាន់​ទៀត​របស់​លោក គឺ​ការ​រចនា​វិមានឯករាជ្យ ដែល​ជា​ទី​ដ៏​សំខាន់​មួយ​បង្ហាញ​នូវ​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​វិញ​បាន​ទាំង​ស្រុង​នៅ​ឆ្នាំ១៩៥៣ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ព្រះ​បាទ នរោត្តម សីហនុ ដែល​ជា​អតីត​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

នៅ​ក្នុង​ឆ្នាំ​១៩៧០ សម័យ​សង្គមរាស្ត្រ​និយម ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​ធ្វើ​រដ្ឋប្រហារ​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ លន់ ណុល ។ នៅឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណ និង​គ្រួសារ​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​​ឯ​ប្រទេសស៊្វីស។ លោក​បាន​ធ្វើ​ការឲ្យ UN Human Settlements Program រយៈពេល​១០​ឆ្នាំ មុន​នឹង​លោក​វិល​ត្រលប់​មក​មាតុប្រទេស​វិញ​នៅ​ឆ្នាំ​១៩៩១។ លោក​បាន​ចូល​បំរើ​ការងារ​ជា​រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ស្នាដៃចំបងៗ

[កែប្រែ]

រង្វាន់និងកិត្តិយស

[កែប្រែ]

នៅឆ្នាំ២០១៣ លោកវណ្ណ-មូលីវណ្ណបានឈ្នះរង្វាន់នីក្កេអាស៊ីឆ្នាំ២០១៣ ខាងផ្នែកវប្បធម៌ []រង្វាន់នីក្កេអាស៊ីផ្ដួចផ្ដើមដោយក្រុមហ៊ុន Nikkei Inc. នៅឆ្នាំ១៩៩៦ ហើយកម្មវិធីផ្ដល់រង្វាន់កិត្តិយសដល់​ជនអាស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្នុង៣វិស័យ៖ ការអភិវឌ្ឍតំបន់ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្ដន៍ និង វប្បធម៌។ សូមបញ្ជាក់ផង។

  1. ប្រវត្តិសិក្សានិងស្នាដៃរបស់ស្ថាបត្យករ វណ្ណ មូលីវណ្ណ

លោក វណ្ណ មូលីវណ្ណ គឺជា​ស្ថាបត្យករ និង ជា​អ្នក​រៀប​ចំ​ក្រុង​ដ៏​មាន​ទេពកោសល្យ​របស់​ប្រទេស​កម្ពុជានៅ​សម័យ​សង្គមរាស្ត្រ​និយម​​។ លោក វណ្ណ មូលីវណ្ណ កើត​នៅថ្ងៃទី២៣ខែវិច្ឆិកា ​ឆ្នាំ ១៩២៦នៅក្នុងខេត្តកំពត។​ លោក​​មាន ឪពុក​ជា​អ្នកជនបទ និង​ ម្តាយជា​អ្នក​ភ្នំពេញ។ លោកជា កូនទី២ ក្នុងចំណោមបងប្អូនចំនួន​៣នាក់គឺលោកមានបងប្រុសម្នាក់ និង​ប្អូនស្រីម្នាក់។​ ជីវិត​សិក្សា នៅឆ្នាំ១៩៤៦ លោក​ វណ្ណ មូ​លីវណ្ណ ទទួលបាន​​អាហារូបករណ៍ ​ទៅ​រៀន​នៅ​ប្រទេស​បារាំង​ខាង​ផ្នែក​ច្បាប់។ បន្ទាប់​ពី​សិក្សា ​បាន​រយៈពេល១ឆ្នាំ ផ្នែក​ច្បាប់​ លោកក៏​បាន​ប្តូរទៅ​រៀន​ផ្នែក​ស្ថាបត្យកម្មនៅ​សាកលវិទ្យាល័យ Ecole des Beaux​ Art របស់​បារាំង​។ លោក មូលីវណ្ណ ​បានបញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​បារាំង ​នៅ​ឆ្នាំ១៩៥១។ ក្នុងពេល​រស់នៅ និង​ សិក្សានៅក្នុងប្រទេសបារាំង លោកបានចាប់អារម្មណ៍ជក់ចិត្តខ្លាំង និង ព្យាយាមរៀនសូត្រពីគំរូស្ថាបត្យកម្ម​ថ្មីៗនៅទីនោះ។​ ជីវិតគ្រួសារ លោក វណ្ណ មូលីវណ្ណ បាន​រៀប​អាពាហ៍ពិពាហ៍នៅ​ប្រទេស​បារាំង ដែលភរិយារបស់លោកជា ជនជាតិស្វីស។ ចំណងអាពាហ៍ពិពាហ៍នេះ លោក​មានកូនចំនួន​៦នាក់ គឺប្រុស៣ ស្រី៣។ បច្ចុប្បន្ន​កូនខ្លះរស់នៅបរទេស និង ខ្លះរស់នៅកម្ពុជា។​ ចំណែកភរិយារបស់លោក ជាជនជាតិស្វីសរស់នៅជាមួយលោក នៅភូមិគ្រឹះម៉ូដបុរាណមួយនៅក្នុងក្រុងសៀមរាប រហូតដល់ថ្ងៃលោក ទទួលមរណភាពនៅថ្ងៃទី​២៨ខែកញ្ញា ឆ្នាំ​២០១៧។​ ឯកសារជាច្រើនទាំងជាតិ និង អន្តរជាតិ​ បានបង្ហាញពីប្រវត្តិសិក្សា និង ស្នាដៃរបស់លោក វណ្ណ មូលីវណ្ណ ប៉ុន្តែមិនសូវមាននិយាយពីជីវិតផ្ទាល់ខ្លួន និង គ្រួសារនោះទេ។​ ជីវិត​ការងារ និង ស្នាដៃបន្សល់ទុកដល់បច្ចុប្បន្ន បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសបារាំង ពោរពេញទៅដោយសមត្ថភាព និងទេពកោសលនោះ លោក​បានត្រលប់មកកម្ពុជានៅឆ្នាំ​១៩៥៥ ហើយមួយឆ្នាំក្រោយមកលោក ត្រូវបានតែងតាំងជា ប្រធានស្ថាបត្យករកម្ពុជា។​ លោកបានគូសប្លង់សំណង់អគារល្បីៗ ជាច្រើន​នៅក្នុងទសវត្សរ៍៥០ និង ៦០ ដែលមានភាពល្បីល្បាញទាំងថ្នាក់ជាតិ និង នៅក្នុងតំបន់។​ ស្នាដៃសំខាន់ៗរបស់លោក រួមមាន​៖ ១. វិមានឯករាជ្យ កសាងឡើងក្នុងរាជធានីភ្នំពេញនៅឆ្នាំ១៩៥៨ ជាការបញ្ជាក់ពីមោទនភាពរបស់កម្ពុជា ទទួលបានឯករាជ្យពីអាណានិគមន៍បារាំងនៅឆ្នាំ១៩៥៣។​ ២. ពហុកីឡដ្ឋានជាតិអូឡាំពិក កសាងឡើងនៅក្នុងឆ្នាំ១៩៦២ ផ្ទុកមនុស្សបាន​ ៦០ ០០០នាក់​។ កាលនោះសំណង់នេះ ល្អស្អាតដាច់គេនៅតំបន់អាស៊ីអាគ្នេយ៍។​ ៣. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កសាងឡើងនៅឆ្នាំ ១៩៦០ មានការរចនាយ៉ាងប្រណិត។​ ៤. សាលសន្និសីទចតុមុខ ស្ថិតនៅមុខសាលាឧទ្ធរណ៍ ក្បែរព្រះបរមរាជវាំង បន្តប្រើប្រាស់ដល់បច្ចុប្បន្ន។​ ៥. វិមានរដ្ឋចំការមន និង រួមទាំងសំណង់ជាច្រើន​ទៀត ដែលនៅបន្តឲ្យកូនខ្មែរនៅមើលឃើញ និង ប្រើប្រាស់ដល់បច្ចុប្បន្ន។ ចាប់ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ ១៩៧០ បិតាស្ថាបត្យកម្មរូបនេះ បានគូសប្លង់លើគម្រោងសំខាន់ជិត​១០០ គម្រោង។​ នៅ​ឆ្នាំ១៩៦៧ លោក វណ្ណ មូលីវណ្ណ ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ហើយ​ក៏ជា​អ្នក​បង្កើត​សាលា​បណ្តុះបណ្តាល​វិស័យសិល្បៈវប្បធម៌ដំបូង​គេគឺ សាកលវិទ្យាល័យវិចិត្រសិល្បៈ នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​គឺជា​សាកលវិទ្យាធិការដំបូង​គេ ​របស់​សាកលវិទ្យាល័យ​នេះ។ ការជម្លៀសចេញពីប្រទេស និង វិលត្រលប់ចូលប្រទេសវិញ​ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ លោក និង ក្រុមគ្រួសារ បានជម្លៀសខ្លួនទៅរស់នៅក្នុងប្រទេសស្វីស។ ក្នុងឱកាសនោះលោក ក៏បានបម្រើការងារនៅUN Human Settlements Program រយៈពេល១០ឆ្នាំ។​ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស លោកបានវិលត្រលប់មកកម្ពុជាវិញនៅឆ្នាំ​១៩៩១ និង បានប្រើប្រាស់ជំនាញរបស់លោក​ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាបន្តទៀត។​ លោក វណ្ណ មូលីវណ្ណ ថ្លែងប្រាប់កាសែត ភ្នំពេញ​ប៉ុស្តិ៍កាលពីឆ្នាំ២០១៥ថា លោក​បាននាំគ្រួសារទៅរស់នៅក្នុងទីក្រុងសៀមរាបកាលពីចុងខែកក្កដា ឆ្នាំ ២០១៤ គឺចង់ឲ្យជីវិតចុងក្រោយរបស់លោក បញ្ចប់នៅទីនោះដោយស្ងប់ស្ងាត់ ដោយសារមានអនុស្សាវរីយ៍ច្រើន ព្រោះលោកធ្លាប់ធ្វើជាប្រធានអាជ្ញាធរជាតិអប្សរាកាលពីឆ្នាំ២០០២។​ លោកក៏បានថ្លែងប្រាប់កាសែត ភ្នំពេញប៉ុស្តិ៍ដោយបារម្ភពី ចំពោះសិស្សនិស្សិតខ្មែរ មិនសូវបានយកចិត្តទុកដាក់រៀនសូត្រពីប្រវត្តិសាស្ត្រដែលមានសារៈសំខាន់។ លោក​បានចងក្រងឯកសារជាច្រើនទុកឲ្យកូនខ្មែរស្រាវជ្រាវ ដែលសៀវភៅទាំងនោះរួមមាន​«គម្រោង​រៀបចំ​ទីក្រុង​ភ្នំពេញ និង​សៀវភៅ​គម្រោង​ទីក្រុង​ខ្មែរ​បុរាណ​»​ ជាដើម​។

ចំណាំ

[កែប្រែ]
  1. "Nikkei Asia Prizes 2013". Retrieved ៩ មិថុនា ២០១៣. {{cite web}}: Check date values in: |accessdate= (help)

តំណភ្ជាប់ក្រៅ

[កែប្រែ]