ប្រាសាទយាយព័ន្ធ
| ប្រាសាទយាយព័ន្ធ | |
|---|---|
| ឈ្មោះ: | ប្រាសាទយាយព័ន្ធ |
| អ្នកកសាង: | ព្រះបាទឥសានវរ្ម័នទី១ |
| កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី៧ |
| ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
| ស្ថាបត្យកម្ម: | រចនាបថសំបូរព្រៃគុក |
| ទីតាំង: | ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ |
ក្រុមប្រាសាទយាយព័ន្ធ ឬក្រុមខាងត្បូង គឺជាក្រុមប្រាសាទដ៏សំខាន់មួយនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។ នៅក្នុងក្រុមនេះមានប្រាសាទសរុបចំនួន ៣៥ ហើយតួប៉មដែលសំខាន់ជាងគេ គឺតួប៉មនៅកណ្តាល ចុះបញ្ជី ឧទ្ទិសដល់ព្រះឥសូរដែលមានព្រះនាមថា ឝ្រីប្រហសិតេឝ្វរៈ (Çrīprahasiteçvaraḥ) ឬមានន័យជាភាសាខ្មែរថា “ព្រះសិវញញឹម”។ ក្រៅពីតួប៉មកណ្តាល ក្នុងក្រុមប្រាសាទយាយព័ន្ធ មានតួប៉មប្រាសាទប្រាំបីជ្រុងចំនួន ៦ ទៀត ដែលជាស្ថាបត្យកម្មពិសេសល្អឯកមួយប្រចាំតំបន់សំបូរព្រៃគុក។ អ្វីដែលគួរកត់សម្គាល់ផ្សេងទៀតនោះ គឺក្រុមប្រាសាទយាយព័ន្ធ គឺជាក្រុមប្រាសាទមួយនៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលសម្បូណ៌ដោយតួប៉មប្រាសាទសាងអំពីថ្មបាយក្រៀម។ ប្រាសាទថ្មបាយក្រៀមទាំងនោះមានចំនួន ៦ សង់នៅបរិវេណកំពែងខាងក្រៅ មានរាងបួនជ្រុងស្មើ បែរមុខទៅកើត និងសុទ្ធសឹងមានកំពែងព័ទ្ធជុំវិញគ្រប់តួប៉មទាំងប្រាំមួយ ហើយបើមើលទៅដូចជាតួប៉មរណបមួយឱ្យសំណង់សំខាន់ដែលនៅបរិវេណកំពែងខាងក្នុង។ ប្រាសាទថ្មបាយក្រៀមទាំងប្រាំមួយនេះ ចុះបញ្ជី S17-4, S17-5, S17-6, S17-7, S17-8, S17-9។ សំណង់ទាំងប្រាំមួយនេះ ភាគច្រើនបានបាក់បែកស្ទើរទាំងស្រុងទៅហើយ លើកលែងតែតួប៉មចំនួនពីរដែលនៅសល់រូបរាងគ្រាន់បើ ពោល គឺតួប៉មដែលចុះបញ្ជីលេខ S17-5 និង S17-6។ ប្រាសាទយាយព័ន្ធមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះកសាងឡើងក្នុងសម័យចេនឡា ដោយព្រះបាទឥសានវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៧ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា។