Jump to content

ខេត្តបាត់ដំបង

ពីវិគីភីឌា

ខេត្តបាត់ដំបង (អង់គ្លេស : Battambang Province) គឺជាខេត្តមួយដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ទីរួមខេត្តរបស់ខេត្តបាត់ដំបងគឺក្រុងបាត់ដំបង។ខេត្តបាត់ដំបងមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យខាងកើតជាប់នឹងខេត្តសៀមរាបនិងបឹងទន្លេសាបខាងត្បូងជាប់នឹងខេត្តពោធិ៍សាត់ខាងលិចជាប់នឹងខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី

ខេត្តបាត់ដំបង
ខេត្ត
Battambang Province
ខេត្តបាត់ដំបង
រូបសំណាកលោកតាដំបងគ្រញូង
រូបសំណាកលោកតាដំបងគ្រញូង
ផែនទីខេត្តបាត់ដំបង
ផែនទីខេត្តបាត់ដំបង
ប្រទេស កម្ពុជា
ទីរួមខេត្តក្រុងបាត់ដំបង
រដ្ឋបាលក្រុង ០១ និង ១៣ ស្រុក
រដ្ឋាភិបាល
 • គណៈអភិបាលខេត្តសុខ លូ
ផ្ទៃក្រឡា
 • សរុប១១៧០២ គម2 (៤៥១៨ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា០៥
ប្រជាជន (២០២៤)[]
 • សរុប១ ១៣២ ០១៧ នាក់
 • ចំណាត់ថ្នាក់០៤
 • សន្ទភាព៩៣/km2 (២៤០/sq mi)
 • ចំណាត់ថ្នាក់សន្ទភាព១៦
ល្វែងម៉ោងICT (ម.ស.ស.+០៧:០០)
លេខកូដប្រៃសណីយ៍០២០១០០-០២១៤១០
លេខកូដតំបន់​ ៥៣
ក្រមអ.ម.អ. ៣១៦៦KH-2
គេហទំព័រbattambang.gov.kh
រូបសំណាកព្រះនរាយណ៍

ឈ្មោះនៃខេត្ត

[កែប្រែ]

បើតាមសិលាចារឹកថ្មប្រាសាទដែលយើងមាននិងបានរកឃើញរហូតមកដល់សព្វថ្ងៃនេះនៅក្នុងសម័យមុនអង្គរនិងសម័យអង្គរគេពុំបានឃើញចែងឲ្យយើងដឹងថាតើសម័យនោះមានភូមិស្រុកណាមួយដែលមានឈ្មោះបាត់ដំបងនោះទេ។ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថាឈ្មោះបាត់ដំបងនេះមានប្រើឬមិនប្រើនៅក្នុងសម័យនោះដែរ។ប៉ុន្តែនៅក្នុងសម័យអង្គរនិងសម័យក្រោយអង្គរតាមឯកសារមហាបុរសខ្មែរមានប្រើឈ្មោះស្រុកបាត់ដំបង។ហេតុអ្វីបានជាហៅឈ្មោះបាត់ដំបង?ប្រវត្តិសាស្ត្រសរសេរនៅលើសិលាចារឹកមិនបានឆ្លើយឲ្យដឹងឡើយគឺមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះគឺរឿងតាដំបងក្រញូងដែលខ្មែរយើងយល់ថាគឺជារឿងកើតមានតាំងពីសម័យអង្គរដែលបានពន្យល់ពីដើមហេតុដែលនាំឲ្យយើងហៅឈ្មោះបាត់ដំបងឬអូរដំបង។ឯឈ្មោះព្រះដំបងគឺស្តេចរាមាទី ០១ កំណត់ឲ្យហៅឈ្មោះភូមិសង្កែថាជាព្រះដំបង[]

ប្រវត្តិសាស្ត្រ

[កែប្រែ]
ប្រាសាទឯកភ្នំ
ប្រាសាទភ្នំបាណន់

កាល​ពី​​សម័យ​មុនអង្គរនិង​សម័យ​អង្គរ​ភាគ​ខាង​លិចនិង​ភាគ​ពាយ័ព្យ​នៃបឹងទន្លេសាប​គឺ​ជា​ដែន​ដីអ​មោឃ​បុរៈ​និង​ជា​​ដែន​ដី​ភិមៈ​បុរៈ។នៅ​ក្នុងសម័យ​អង្គរ​ដែន​ដី​ឬ​ភូមិ​ភាគ​អមោឃ​បុរៈមាន​ការ​រីកចម្រើនខ្លាំង​ដោយ​សារដី​មាន​ជីវជាតិ​ល្អអាច​ដាំ​ដំណាំ​ស្រូវ​និង​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ​បានប្រកប​ទៅដោយ​ទិន្ន​ផល​ល្អ​ប្រសើរ។ប្រជា​ពល​រដ្ឋ​ខ្មែរ​ជំនាន់​នោះ​មក​រស់​នៅក្នុង​ភូមិ​ភាគ​នេះ​​ច្រើនដែលជា​ភស្តុតាងបង្ហាញគឺ​មាន​ប្រា​សាទ​បុរាណ​ជា​ច្រើន​សន្ធឹក​សន្ធាប់នៅ​ក្នុង​តំបន់​នេះ។ប៉ុន្តែ​ប្រាសាទ​បុរាណ​ទាំងនោះត្រូវបានរលំ​បាក់​បែក​បាត់​បង់​ស្ទើរ​តែ​ទាំង​អស់លើក​លែង​តែតែប្រាសាទបាណន់ ប្រាសាទ​ឯក​ភ្នំ ប្រាសាទបាសែត ប្រាសាទ​ស្នឹងខាងកើត ប្រាសាទស្នឹងខាងលិច ប្រាសាទដូនទ្រី។​ល​។ដែលនា​ម៉ឺនសព្វ​មុខ​មន្ត្រី​និង​ប្រជា​រាស្ត្រ​ជំនាន់​នោះ​បាន​កសាងឡើងសម្រាប់ជា​ទី​សក្ការៈ​បូជា​ដល់​ព្រះ​​អាទិ​ទេព​និងព្រះពោធិសត្វផ្សេង​ៗខាង​ព្រហ្មញ្ញ​សាសនានិងព្រះពុទ្ធ​សាសនា។នៅ​សតវត្ស​រ៍ក្រោយ​ៗមក​ទៀតដែន​ដី​ខេត្ត​បាត់ដំបង​ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ចម្បាំងរាំង​ជល់ដោយ​ការ​ឈ្លាន​​ពាន​ពីសំ​ណាក់​ពួក​សៀម​តាំង​ពី​សត​វត្សរ៍ ១៥-១៦-១៧-១៨ ​ធ្វើឲ្យជីវភាពរស់​នៅ​របស់​ប្រជាជនខេត្ត​បាត់ដំបង​ជំនាន់​នោះ​ធ្លាក់​​ក្រលំ​បាក​ព្រាត់ប្រាស់និរាសគ្រួសារទ្រព្យសម្បត្តិផ្ទះ​សម្បែង​គួរ​ឲ្យខ្លោច​ផ្សាក្រៃលែង។

នៅ​ចុង​សត​វត្ស​រ៍ទី ១​៨ ដល់ដើម​សតវត្ស​រ៍ទី ​២០​ ខេត្តបាត់ដំបង​ក៏ធ្លាក់ស្ថិតនៅក្រោមអំណាច​ត្រួត​ត្រា​ជិះ​ជាន់​របស់​ពួក​សៀម​អស់​រយៈ​​ពេល​ជាង​ ០១ សតវត្សរ៍ដែល​គ្រប់​គ្រង​ដោយ​អំណាច​គ្រួសារចៅហ្វាបែន​ក្រោយ​មក​គេ​ដាក់​ឈ្មោះ​ថាត្រ​កូល​អភ័យ​វង្ស​អស់​ ០៦​ តំណរ​ហូត​ដល់​ឆ្នាំ ​១៩០៧ ។

ត្រាខេត្តព្រះដំបង(ខេត្តបាត់ដំបង)ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម

តាម​សន្ធិសញ្ញា​បារាំង-សៀមចុះ​នៅថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ ១៩០៧ សៀម​ត្រូវ​ប្រគល់​មក​ឲ្យកម្ពុជាវិញនូវ​ទឹក​ដី​ដែល​ខ្លួន​​ធ្លាប់​កាន់​កាប់​ជាជាង ០១ ​សតវត្ស​រ៍នោះគឺ​បាត់​ដំបង សៀមរាប-អង្គរសិរី​សោ​ភ័ណ្ឌនិង​ចុង​កាល់​ដោយប្តូរនិង​ខេត្ត​ត្រាចនិង​តំបន់ប៉ាក់សេ(ដែន​ដី​លាវ)ប៉ែក​ខាង​លើ​នៃ​ទន្លេមេគង្គ។ប៉ុន្មាន​ខែ​ក្រោយ​មក​ព្រះ​ករុណា​ព្រះបាទស៊ីសុវត្ថិ​ទ្រង់​បាន​ចេញ​ព្រះរាជ​​ប្រកាស​លេខ​ ៦៦ ចុះ​ថ្ងៃទី​ ០៦ ខែធ្នូ ឆ្នាំ ១៩០៧​ កំណត់​ដែន​ដី​បាត់​ដំបង​ត្រូវ​បែង​ចែក​ជា ០​៣​ ខេត្តគឺខេត្ត​បាត់ដំបង ខេត្តសៀមរាប និង ខេត្ត​សិរី​សោ​ភ័ណ្ឌ

នៅក្នុង​ឆ្នាំ ​១៩២៥ ទឹក​ដីខេត្ត​បាត់​ដំបងត្រូវ​បាន​បែង​ចែក​សាជា​ថ្មី​ឲ្យ​ទៅជាខេត្ត​បាត់​ដំបងនិងខេត្តសៀមរាបនៅក្នុង​នោះ​ខេត្ត​បាត់ដំបង​មាន​ស្រុកចំនួន ០​២ គឺ​ស្រុកបាត់ដំបងនិងស្រុកសិរីសោភ័ណ្ឌ។នៅ​ក្នុងឆ្នាំ​ ១៩៤០ ខេត្ត​បាត់​ដំបង​​មាន​ស្រុក​ចំនួន ០​៧ គឺ​ស្រុកបាត់ដំបង ស្រុកសង្កែ ស្រុក​មោង​ឫស្សីស្រុក​មង្គល​បូរី ស្រុក​ទឹក​ជោរ ស្រុកសិរីសោភ័ណ្ឌ និង​ ស្រុក​បិ​ត្បូង

នៅ​ខែឧសភា ឆ្នាំ​ ១៩៥៣​ តំបន់​រដ្ឋបាល​ប៉ោយ​ប៉ែត​ត្រូវ​បាន​បង្កើត​ឡើង​ចំណុះ​ឲ្យស្រុក​សិរី​សោ​ភ័ណ្ឌ។នៅខែកក្កដា ឆ្នាំ​ ១៩៥៧ ស្រុក​​ទឹក​ជោរ​ត្រូវ​បាន​បែង​ចែក​ទៅជា​ ០២ ស្រុក​គឺ​ ស្រុក​ព្រះនេត្រព្រះនិងស្រុក​ភ្នំ​ស្រុក។​ស្រុកសិរីសោភ័ណ្ឌត្រូវ​បាន​បែង​ចែក​ទៅ​ជា​ ០២​ ស្រុក​ដែរ​​គឺស្រុក​សិរីសោ​ភ័ណ្ឌនិង​ស្រុក​បន្ទាយ​ឆ្មារ។​នៅ​ខែមីនា ឆ្នាំ ១៩៦៥ ​តំបន់​រដ្ឋ​បាល​ប៉ោយ​ប៉ែត​ដែល​បាន​បង្កើតឡើងនៅក្នុង​ឆ្នាំ ​១៩៥៣ នោះ​ត្រូវ​​បាន​ចាត់​ថ្នាក់​ជា​ស្រុកឈ្មោះថាស្រុក​អូរជ្រៅ។នៅ​ខែកក្កដា ឆ្នាំ ១៩៦៥ ទឹក​ដី​មោងឬស្សី(ស្រុកមោងឬស្សី)​មួយ​ផ្នែក​ត្រូវ​បាន​កាត់​ទៅ​ជា​តំបន់​រដ្ឋ​បាល​​គាស់​ក្រឡ(ស្រុកគាស់ក្រឡ)។នៅ​ខែ​មីនា​ ឆ្នាំ ១៩៦៦ ស្រុកថ្មី​មួយ​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​គឺ​ស្រុកថ្ម​ពួក​ដែលមាន​ទីតាំង​នៅថ្ម​ពួក។ជា​មួយ​គ្នា​នោះស្រុក​បន្ទាយ​ឆ្មារ​ត្រូវ​បាន​ដក​ចេញ​ពី​ខេត្ត​បាត់​ដំបង​ឲ្យ​ចំណុះ​ខេត្ត​ឧត្តរមាន​​ជ័យ​វិញ​ដែល​ជា​ខេត្ត​ដែល​ទើប​បង្កើត​ថ្មី។

នៅ​ដើម​សម័យ​សា​ធារ​ណ​រដ្ឋ​ខ្មែរ​មាន​ស្រុក​ចំនួន​ ០២​ បាន​បង្កើត​ឡើង​គឺ​ស្រុកបា​ណន់និងស្រុក​គាស់ក្រ​ឡ។សរុប​មក​ដល់​ត្រឹម​នេះ​​ខេត្តបាត់​ដំបង​មាន​ស្រុក​ចំនួន ០​៩ គឺ​ស្រុក​បាត់​ដំបង ស្រុក​សង្កែ ស្រុក​មោង​ឬស្សីស្រុក​មង្គល​បូរី ស្រុក​សិរី​សោ​ភ័ណ្ឌ​​ ស្រុក​អូរ​ជ្រៅ​​ ស្រុក​ព្រះនេត្រ​ព្រះ ស្រុក​បាណន់ ស្រុក​គាស់ក្រ​ឡនិង​តំបន់​រដ្ឋបាល​ចំនួន​ ០២ ​ គឺតំបន់​រដ្ឋ​បាលបាក់ព្រានិងតំបន់​រដ្ឋ​បាល​ល្វា។នៅក្នុង​សម័យកម្ពុជាប្រជាធិបតេយ្យ ០៣ ឆ្នាំ ០៨​ ខែ​ ២០ ថ្ងៃ​នៅក្នុង​ខេត្ត​បាត់​ដំបង​ក៏​ដូច​ជាខេត្ត​នានា​ទូ​ទាំងប្រទេសកម្ពុជាដែរប្រជាពល​រដ្ឋ​ត្រូវ​​បាន​ជម្លៀស​ចុះ​ឡើង​ៗពិសេស​​ពី​​តំបន់​ទី​ក្រុងទីប្រជុំ​ជន​ទៅ​កាន់​ទីជន​បទ​និង​តំបន់​ព្រៃ​ភ្នំ។ខេត្តបា​ត់​ដំបង​ធ្លាប់​ល្បីថា​ជា​ជង្រុក​ស្រូវ​នៃ​ប្រទេស​បាន​ក្លាយ​ទៅជា​តំបន់​ទទួល​ទារុណ​កម្ម​កាប់​សម្លាប់​និង​បង្អត់​អាហារ​ពេល​នោះ​ខេត្ត​ពុំមាន​ព្រំ​ប្រទល់​ច្បាស់​លាស់នោះ​ទេ​ដោយសារអង្គ​ការ​ដឹក​នាំ​ពេល​នោះ​បានដាក់​ខេត្ត​បាត់​ដំបង​​ទៅ​ក្នុង​តំបន់ភូមិភាគពាយ័ព្យ​ហើយ​មាន​តំបន់ ០​១ ​តំបន់ ០​៣​ តំបន់ ០​៤ និង​ តំបន់​ ០៥ ។ខណៈ​នោះ​មាន​ឮគេ​ហៅ​ឈ្មោះ​ស្រុក​ខ្លះ​ដែរ​ដូច​ជា​ស្រុក​​ភ្នំ​សំពៅ ស្រុក​បាត់​ដំបង ស្រុក​មង្គល​បូរីស្រុក​សង្កែ​ ​ស្រុកមោង​ឬស្សី​ ​ស្រុក ​៤១​-ស្រុក​ ៤២។ល។

ខេ​ត្តបាត់​ដំបង​ត្រូវ​បាន​រំដោះ​ចេញជា​ស្ថាព​រពីរ​បប​ប្រល័យ​ពូជ​សាសន៍នៅថ្ងៃ​ទី ១៣ ខែមករា ឆ្នាំ ​១៩៧៩។ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​មាន​ឈ្មោះ​​ថា​គណៈ​កម្មាធិ​ការ​ប្រជា​ជន​បដិវត្តន៍(ខេត្ត​-​ស្រុក​-ទីរួម​ខេត្ត-​ឃុំ-​សង្កាត់​)។គណៈ​កម្មាធិការ​ប្រជាជនឃុំ​-​សង្កាត់​ត្រូវ​បាន​ជ្រើស​រើស​​ដោយ​ការ​បោះ​ឆ្នោត​ដំបូង​បំផុតនៅក្នុងឆ្នាំ​ ១៩៨៣។ពី​ឆ្នាំ​ ១៩៨៩ ដល់ឆ្នាំ ១៩៨៦ ខេត្ត​បាត់ដំបង​មាន​ស្រុក​ចំនួន​ ០៩​ និងទី​រួម​ខេត្ត​ចំនួន​ ០១។

នៅក្នុង​ឆ្នាំ​ ១៩៨៦ ស្រុក​ថ្មីចំនួន ០​៣ ​ត្រូវ​បាន​បង្កើត​បន្ថែម​ទៀត​មាន​ស្រុកបាណន់​ ​ស្រុក​បវេល ​និង ​ស្រុកឯ​កភ្នំ។ត្រឹម​ដំណាក់​កាល​នេះខេត្ត​​បាត់​ដំបង​មានស្រុកចំនួន ១២ ​និង​ទី​រួម​ខេត្ត​ចំនួន ០១ គឺស្រុក​មោង​ឬស្សីស្រុក​សង្កែស្រុក​បាណន់ ស្រុកឯក​ភ្នំស្រុក​បាត់ដំបង ស្រុករតនៈមណ្ឌ​ល ស្រុក​មង្គល​បូរីស្រុក​សិរិសោ​ភ័ណ្ឌ ស្រុក​ព្រះ​នេត្រ​ព្រះស្រុកថ្មពួកស្រុក​ភ្នំ​ស្រុក​ និង​ ស្រុកបវេល​។

នៅក្នុង​ឆ្នាំ ​១៩៨៨​ ស្រុក​ចំនួន​ ០៥​ គឺ​ស្រុក​មង្គល​បូរី​ ​ស្រុក​ថ្ម​ពួកស្រុក​សិរី​សោ​ភ័ណស្រុក​ព្រះ​នេត្រព្រះ និង ​ស្រុក​ភ្នំ​ស្រុកត្រូវ​បាន​​កាត់​ចេញ​ដើម្បី​បង្កើត​ជា​ខេត្ត​ថ្មី​មួយទៀត​គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ។ចាប់​ពី​ពេលនោះ​រហូត​ដល់​ឆ្នាំ​ ១៩៩៣ ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​ ០៧ ​​ទី​រួម​ខេត្តចំនួន ០១ ​ឃុំ​ចំនួន​ ៥៣​ និង​ សង្កាត់​ចំនួន​ ១០។

ក្រោយ​មាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ទី​រួម​ខេត្ត​បាត់​ដំបង​ត្រូវ​បាន​ប្តូរឈ្មោះ​មក​ជា​ស្រុក​ស្វាយ​ប៉ោ​វិញ។ចំណែក​សង្កាត់​ទាំង ​១០​ ត្រូវ​បាន​ប្តូរ​​មក​ជា​ឃុំ​ដូច្នេះ​ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន ០​៨​ និង​ឃុំ​ចំនួន​ ៤៧។

នៅ​ក្នុងឆ្នាំ​ ១៩៩៨ ក្រោយ​សមា​ហរណកម្មកងកម្លាំងកម្ពុជា​ប្រជា​ធិប​តេយ្យខេត្ត​បាត់​ដំបង​ត្រូវ​បាន​កាត់​ទឹក​ដី​មួយ​ផ្នែក​ទៀត​ដើម្បី​បង្កើត​ក្រុងប៉ៃលិន​ហើយ​ស្រុក​ចំនួន​ ០៤ ត្រូវ​បាន​បង្កើត​ថែម​មាន​ស្រុក​សំឡូត ស្រុក​កំរៀងស្រុក​ភ្នំ​ព្រឹក ​និង​ ស្រុក​សំពៅ​លូន។នៅក្នុង​ឆ្នាំ ​២០០០ ទឹក​ដី​ស្រុក​មោង​ឬ​ស្សី​ត្រូវ​បាន​រំលែក​មួយ​ផ្នែក​បង្កើត​ជា​ស្រុក​គាស់​ក្រឡ​ដែល​មានឃុំចំនួន ០​៦​។ចំណែក​ឯ​ស្រុក​ស្វាយ​ប៉ោត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ស្រុក​បាត់​ដំបង​វិញ​។រីឯ​ស្រុក​បាត់​ដំបង​ដែល​មាន​ទីតាំង​នៅ​ថ្ម​គោល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​​ជា​ស្រុក​ថ្ម​គោល​វិញ។[][]

សាសនា

[កែប្រែ]

សាសនានៅក្នុងខេត្តបាត់ដំបង(ជំរឿនឆ្នាំ ២០១៩)[]

  សាសនាផ្សេងៗ (0%)

សាសនារបស់រដ្ឋគឺសាសនាព្រះពុទ្ធថេរវាទ។ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងជាង ៩៨.៣% ជាអ្នកកាន់សាសនាព្រះពុទ្ធសាសនាអុីស្លាមដែលភាគច្រើនកាន់ដោយជនជាតិចាមរាប់រយឆ្នាំមកហើយមាន ១.៤%។សាសនាគ្រិស្តមានអ្នកកាន់ចំនួនតិចតួចប្រមាណជា ០.៣%។

លក្ខណៈភូមិសាស្ត្រ

[កែប្រែ]
ភ្នំបាណន់

ខេត្តបាត់ដំបង គឺជាខេត្តមួយស្ថិតនៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជាមានចម្ងាយ ២៩១ គីឡូម៉ែត្រពីរាជធានីភ្នំពេញដែលមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តសៀមរាប បឹងទន្លេសាបខាងលិចជាប់នឹងខេត្តប៉ៃលិន ខេត្តច័ន្ទបុរីខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យ និង ខាងត្បូងជាប់នឹងខេត្តពោធិ៍សាត់។នៅភាគខាងលិចមានព្រំប្រទល់ប្រវែង ១៤៤.៨ គីឡូម៉ែត្រជាប់នឹងខេត្តច័ន្ទបុរី ខេត្តត្រាច និង ខេត្តស្រះកែវ។ខេត្តបាត់ដំបងមានផ្ទៃដីចំនួន ១១៧០២ គីឡូម៉ែត្រការ៉េមានក្រុងចំនួន ០១ ស្រុកចំនួន ១៣ ឃុំចំនួន ៩៣ សង្កាត់ ១០ និង ភូមិចំនួន ៨១០។ខេត្តនេះមានច្រកទ្វារព្រំដែនអន្តរជាតិ ០១ គឺច្រកដូងនៅក្នុងស្រុកកំរៀងនិងច្រកទ្វារតំបន់ព្រំដែន ០៤ ទៀតគឺច្រកទ្វារគីឡូ ១៣(ភ្នំដី)នៅក្នុងស្រុកសំពៅលូន ច្រកទ្វារអូររំដួលនៅក្នុងស្រុកភ្នំព្រឹក ច្រកទ្វារអូរអន្លក់(សួនស៊ុំ)នៅក្នុងស្រុកកំរៀង និង ច្រកទ្វារឆករកា(៤០០)នៅក្នុងស្រុកសំឡូត[]

រដ្ឋបាល

[កែប្រែ]

ខេត្តបាត់ដំបង ចែកចេញជា ១៤ ក្រុង​/ស្រុក ១០៣ សង្កាត់/ឃុំ និង ៨១០ ភូមិ[][]

លេខកូដក្រុងនិងស្រុក ក្រុងនិងស្រុក ឈ្មោះក្រុងនិងស្រុកជាអក្សរឡាតាំង ផែនទីក្រុងនិងស្រុក
០២០១ ស្រុកបាណន់ Banan
០២០២ ស្រុកថ្មគោល Thma Koul
០២០៣ ក្រុងបាត់ដំបង Battambang
០២០៤ ស្រុកបវេល Bavel
០២០៥ ស្រុកឯកភ្នំ Aek Phnum
០២០៦ ស្រុកមោងឬស្សី Moung Ruessei
០២០៧ ស្រុករតនៈមណ្ឌល Rotanak Mondol
០២០៨ ស្រុកសង្កែ Sangkae
០២០៩ ស្រុកសំឡូត Samlout
០២១០ ស្រុកសំពៅលូន Sampov Lun
០២១១ ស្រុកភ្នំព្រឹក Phnum Proek
០២១២ ស្រុកកំរៀង Kamrieng
០២១៣ ស្រុកគាស់ក្រឡ Koas Krala
០២១៤ ស្រុករុក្ខគិរី Rukhakiri

តំបន់ទេសចរណ៍ខេត្តបាត់ដំបង

[កែប្រែ]

តំបន់ទេសចរណ៍នៅក្នុងខេត្តបាត់ដំបងត្រូវបានបែងចែកជា ០៤ ប្រភេទគឺរមណីយដ្ឋានប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានធម្មជាតិកែច្នៃ និង រមណីយដ្ឋានវប្បធម៌។[]

រមណីយដ្ឋានប្រវត្តិសាស្រ្ត

[កែប្រែ]

រមណីយដ្ឋានធម្មជាតិ

[កែប្រែ]
  • រមណីយដ្ឋានស្ទឹងគ្រញូង

រមណីយដ្ឋានស្ទឹងក្រញូង គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដែលមានទីតាំងស្ថិតនៅភាគខាងលិចឈៀងខាងត្បូងក្រុងបាត់ដំបងមានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រពីក្រុងបាត់ដំបងស្ថិតនៅក្នុងភូមិសាស្ត្រភូមិតាសាញ ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ភ្ញៀវទេសចរអាចធ្វើដំណើរទៅទីនោះតាមផ្លូវជាតិលេខ ៥៧ ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់រមណីយដ្ឋានតែម្ដង។រមណីយដ្ឋានស្ទឹងក្រញូងមានវិសាលភាពធំធេងអមដោយផ្ទៃដីមានដើមឈើទាំងតូចនិងធំដុះចម្រុះគ្នាជាអន្លើៗចោលម្លប់ដ៏ត្រឈឹងត្រឈៃក្រោមជំនោរខ្យល់ធម្មជាតិបបោសអង្អែលកាយដ៏ត្រជាក់ល្ហឹមនៅជាប់នឹងមាត់ស្ទឹងដែលមានចរន្តទឹកហូរខួបប្រាំងខួបវស្សា។ភ្ញៀវទេសចរអាចចុះងូតទឹកលេងកម្សាន្តនៅក្នុងស្ទឹងមានថ្មរដិបរដុបផុសរាយប៉ាយនៅពេលបុណ្យចូលឆ្នាំម្តងៗមានភ្ញៀវមកលេងទឹកនៅទីរមណីយដ្ឋាននេះរាប់ពាន់នាក់។[]

  • រមណីយដ្ឋានធម្មជាតិថ្វាកស្រុករតនៈមណ្ឌល

រមណីយដ្ឋានធម្មជាតិថ្វាក គឺជារមណីយដ្ឋានមួយដែលមានទីតាំងស្ថិតនៅប៉ែកខាងលិចក្រុងបាត់ដំបងមានចម្ងាយប្រមាណជា ៤៥ គីឡូម៉ែត្រដោយគិតចាប់ពីសាលាខេត្ដបាត់ដំបង។ភ្ញៀវទេសចរអាចធ្វើដំណើរទៅកម្សាន្តតាមផ្លូវជាតិលេខ ៥៧។រមណីយដ្ឋាននេះស្ថិតនៅក្នុងស្ទឹងសង្កែ ភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងត្រូវបានគ្រប់គ្រងដោយអាជ្ញាធរមូលដ្ឋាននៅទីនោះ។ចាប់ពីឆ្នាំ ២០១១ រមណីយដ្ឋាននេះចាប់ផ្តើមពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិមកលេងទឹកនិងសម្រាកកម្សាន្ត។នៅរដូវប្រាំងកម្រិតទឹករាក់ល្មមសម្រាប់ភ្ញៀវទេសចរអង្គុយលេងនៅក្នុងស្ទឹងលើថ្មរដេបរដុប។ទីនេះមានដើមឈើធំៗផ្ដល់ជាម្លប់និងគុម្ពឬស្សីជាច្រើនដុះតាមច្រាំងផ្លូវចូលទៅលេងអមទៅដោយតូបដែលសាងសង់ឡើងសម្រាប់ឲ្យភ្ញៀវទេសចរសម្រាកកាយ។ភ្ញៀវទេសចរអាចគយគន់នូវទេសភាពធម្មជាតិនៅតាមមាត់ស្ទឹងស្ដាប់សម្លេងទឹកហូរនិងសត្វយំដ៏ខ្ញៀវខ្ញានិងមុជទឹកកម្សាន្ត។ជាពិសេសទៅទៀតនោះកន្លែងកម្សាន្តនេះមានផ្ទៃទឹកហូររាបស្មើនិងមានទឹកហូរប្រជ្រៀតគ្នាតាមកន្លៀតថ្មធំតូចគួរជាទីកម្សាន្តយ៉ាងមនោរម្យ។នៅថ្ងៃឈប់សម្រាកនិងនៅក្នុងពេលបុណ្យទានធំៗម្តងៗពិសេសបុណ្យចូលឆ្នាំខ្មែរមានភ្ញៀវទេសចរជាតិយ៉ាងច្រើនកុះករមកលេងទឹកនៅរមណីយដ្ឋាននេះ។និយាយរួមរមណីយដ្ឋាននេះមានលក្ខណៈល្អគ្រប់គ្រាន់សម្រាប់ធ្វើជាកន្លែងកម្សាន្ត លេងទឹក និង សម្រាកកាយយ៉ាងសប្បាយរីករាយ។[១០]

  • រមណីយដ្ឋានធម្មជាតិភ្នំកាច់ផ្កា

រមណីយដ្ឋានភ្នំកាច់ផ្កា គឺជារមណីយដ្ឋានធម្មជាតិមួយដែលមានទីតាំងស្ថិតនៅប៉ែកខាងត្បូងនិងមានចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រពីក្រុងបាត់ដំបងស្ថិតនៅក្នុងភូមិសាស្ត្រភូមិស្រះថត ឃុំព្រះត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង។បច្ចុប្បន្ននេះភ្នំកាច់ផ្កាបានរៀបចំជាបណ្តើរៗដោយគណៈកម្មការវត្តនិងមានកាំជណ្តើរប្រមាណជាង ៣០០ កាំសម្រាប់ឡើងទៅលើកំពូលភ្នំ។ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ០៥ ហួសពីទីរួមស្រុកមោងឬស្សីប្រមាណ ០៥ គីឡូម៉ែត្ររួចបត់ស្តាំទៅត្រង់។ឈ្មោះភ្នំកាច់ផ្កាកាលដើមឡើយមានមេទ័ពម្នាក់ដែលជាសេនាដៃស្តាំរបស់លោកតាឃ្លាំងមឿងបានធ្វើដំណើរចូលទៅប្រទេសសៀមហើយបានឆ្លងកាត់ស្នាក់នៅក្នុងតំបន់នេះបណ្តោះអាសន្នគាត់ក៏បានជួបនិង​ស្រឡាញ់នារីម្នាក់ឈ្មោះនាងសក់ក្រអូប​ដែលរស់នៅក្បែរជើងភ្នំនេះដោយនាងអាស្រ័យផលផ្លែឈើនិងទឹកនៅលើខ្នងភ្នំនោះ។នៅលើខ្នងភ្នំមានអណ្តូងស័ក្តិសិទ្ធិមួយដែលហ៊ុំព័ទ្ធទៅដោយផ្កាចម្រុះពណ៌ជារៀងរាល់ថ្ងៃនាងសក់ក្រអូបតែងតែទៅកាច់ផ្កាទៅថ្វាយព្រះនៅជិតអណ្តូងស័ក្តិសិទ្ធិនោះហើយមេទ័ពដែលបានលួចស្រឡាញ់នារីនោះបានដាក់ឈ្មោះភ្នំនេះថាភ្នំកាច់ផ្ការហូតមក។លក្ខណៈសម្បត្តិៈនៃរមណីយដ្ឋាននេះគឺមានធម្មជាតិដ៏សែនមនោរម្យនៅលើខ្នងភ្នំមានអណ្តូងទឹកស័ក្តិសិទ្ធិមួយកន្លែងដែលប្រជាជនតែងតែទៅបន់ស្រន់និងសុំទឹកស័ក្តសិទ្ធិមកទទួលទានឬមុជដើម្បីព្យាបាលរោគ មានផ្ទាំងថ្មធំៗបន្តុបលើគ្នាដែលជាកន្លែងលេងសម្រាប់ប្រជាពលរដ្ឋស្រូបយកខ្យល់បរិសុទ្ធបើយើង​មើលពីលើខ្នងភ្នំយើងនឹងឃើញវាលស្រែដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក មានល្អាងមួយយ៉ាងធំនៅក្នុងភ្នំ(អ្វីដែលចម្លែកនោះគឺយើងចូលរូងភ្នំពីលើកំពូលភ្នំទៅវិញ) និង មានវត្តមួយដែលប្រជាពលរដ្ឋតែងតែទៅធ្វើបុណ្យទាននៅទីនោះយ៉ាងច្រើនកុះករ។[១១]

  • រមណីយដ្ឋានភ្នំព្រះ

រមណីយដ្ឋានភ្នំព្រះ គឺជារមណីយដ្ឋានមួយដែលមានចម្ងាយប្រហែល ៧០ គីឡូម៉ែត្រពីក្រុងបាត់ដំបង​​ស្ថិតនៅក្នុងភូមិសាស្រ្តភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបងភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ០៥ ហួសពីទីរួមស្រុកមោងឬស្សីប្រមាណ ០៥ គីឡូម៉ែត្ររួចបត់ស្តាំហើយបន្តដំណើរទៅត្រង់។នៅក្នុងអំឡុងឆ្នាំ ១៩៨០ ប្រជាជនបានចូលទៅកាប់វល្លិ៍នៅក្នុងភ្នំនេះក៏ប្រទះឃើញនូវព្រះពុទ្ធរូបជាច្រើនអង្គនៅក្នុងរូងភ្នំហើយក៏បានហៅភ្នំនោះថាភ្នំព្រះរហូតដល់សព្វថ្ងៃ។លក្ខណៈសម្បត្តិនៃរមណីយដ្ឋាននេះគឺមានទេសភាពល្អត្រកាល មានទីវាលយ៉ាងធំក្រាលដោយថ្មដែលកើតឡើងដោយធម្មជាតិ មានផ្ទាំងថ្មធំៗដែលមានរូបរាងដួចសត្វអណ្តើក កង្កែប និង ដូចកំណាត់ឈើដែលគេកាត់ជាកង់ៗជាដើម មានរូបចម្លាក់មេទ័ពឆ្លាក់ជាប់នឹងថ្មដែលយើងសន្មត់ថាជាចម្លាក់តាំងពីសម័យអង្គរ និង មានវត្តមួយដែលប្រជាពលរដ្ឋតែងតែទៅធ្វើបុណ្យទាននៅទីនោះយ៉ាងច្រើនកុះករ។[១២]

  • រមណីយដ្ឋានធម្មជាតិល្អាងភ្នំរំសាយសក់

រមណីយដ្ឋានធម្មជាតិល្អាងភ្នំរំសាយសក់ គឺជារមណីយដ្ឋានធម្មជាតិដែលមានទីតាំងស្ថិតនៅក្នុងភូមិដូង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងមានចម្ងាយប្រមាណ ២៣ គីឡូម៉ែត្រដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ល្អាងភ្នំនាងរំសាយសក់។ភ្ញៀវទេសចរណ៍អាចធ្វើដំណើរពីក្រុងបាត់ដំបងតាមផ្លូវជាតិលេខ ៥៧ ឆ្ពោះទៅទិសខាងត្បូងនៅលើផ្លូវទៅប្រាសាទបាណន់ដែរពេលធ្វើដំណើរទៅដល់ផ្លូវបំបែកទៅភ្នំសំពៅបត់ឆេ្វងហើយធ្វើដំណើរទៅរហូតទៅដល់ក្លោងទ្វារវត្ដរួចចូលតាមក្លោងទ្វារវត្ដបន្ដរហូតទៅដល់ភ្នំនាងរំសាយសក់ភំ្ននាងរំសាយសក់នោះមានប្រវត្ដិដើមទាក់ទងនៅក្នុងរឿងព្រេងខ្មែរបុរាណយូរលង់ណាស់មកហើយដែលតែងតែតំណាលតៗគ្នារហូតមកដល់សព្វថ្ងៃនេះ។រឿងព្រេងនេះវាមានប្រវត្ដិទាក់ទងគ្នាទៅនឹងភ្នំបាណន់ ភ្នំសំពៅ ភ្នំតាង៉ែត ភ្នំនាងរំសាយសក់ ភ្នំក្ដោង ភ្នំទ្រុងមាន់ ភ្នំទ្រុងទាជាដើម(សូមអានរឿងព្រះចៅរាជកុលនិងនាងរំសាយសក់)។ល្អាងភ្នំធម្មជាតិមានជណ្ដើរធ្វើពីបេតុងនិងមានបង្កាន់ដៃឡើងរហូតទៅដល់មាត់ល្អាង។ភ្ញៀវទេសចរអាចមើលឃើញនូវទេសភាពដ៏ល្អប្រណិតពីលើកំពូលភ្នំនូវវាលស្រែចម្ការដ៏ធំល្វឹងល្វើយនិងទេសភាពព្រៃភ្នំទាំងឡាយដ៏ខៀវស្រង៉ាត់។នៅលើភ្នំនាងរំសាយសក់មានល្អាងដែលនៅមាត់ល្អាងមានរូបសំណាកបដិមាករមួយសម្រាប់ការបន់ស្រន់សុំសេចក្ដីសុខសប្បាយ។យើងអាចធ្វើដំណើរចូលទៅក្នុងល្អាងតាមកាំជណើ្ដរដែលបានសាងសង់ហើយនៅក្នុងល្អាងនេះមានសភាពងងឹតហើយត្រជាក់។នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរភ្ញៀវទេសចរចាស់កេ្មងតែងតែនាំគ្នាទៅលេងកម្សាន្តយ៉ាងសប្បាយ។លើសពីនេះទៅទៀតក៏មានការរៀបចំដាក់ភ្លើងនៅក្នុងល្អាង ផ្លូវចូលល្អាង នៅក្នុងវត្ដភ្លឺព្រោងព្រាតនៅក្នុងបុណ្យទានផេ្សងៗ។រីឯនៅជើងភ្នំមានព្រះវិហារមួយដែលកំពុងសាងសង់និងមានទីធ្លាវត្ដដ៏ធំមានសួនច្បារ មានផ្លូវ និង មានការរៀបចំឡើងយ៉ាងល្អប្រពៃ។[១៣]

  • រមណីយដ្ឋានទេសចរណ៍ល្អាងភ្នំក្រពើ

រមណីយដ្ឋានទេសចរណ៍ល្អាងភ្នំក្រពើ គឺជារមណីយដ្ឋានទេសចរណ៍ស្ថិតនៅប៉ែកខាងលិចខេត្ដបាត់ដំបងដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រពើខាងត្បូង ភូមិក្រពើខាងកើត និង ភូមិក្រពើខាងជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងមានចម្ងាយ ១៧.១៧ គីឡូម៉ែត្រដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ភ្នំក្រពើយើងអាចធ្វើដំណើរទៅកាន់ភ្នំនេះបានតាមផ្លូវជាតិលេខ ៥៧ ដោយរថយន្ដឬម៉ូតូបានដោយសុវត្ថិភាព។ល្អាងភ្នំក្រពើកកើតឡើងពីធម្មជាតិដែលស្ថិតនៅលើភ្នំក្រពើនិយាយរួមមកភ្នំក្រពើនេះក៏មានតំណាលនៅក្នុងប្រជុំរឿងព្រេងខ្មែរគឺរឿងព្រះចៅរាជកុលនិងនាងរំសាយសក់ប្រហាក់ប្រហែលនឹងភ្នំសំពៅដែរដែលវាមានការជាប់ទាក់ទងទៅនឹងភ្នំក្រពើ ភ្នំនាងរំសាយសក់ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា និង ភ្នំក្ដោង។នៅលើភ្នំក្រពើនេះក៏មានល្អាងផងដែរលើសពីនេះទៅទៀតគឺមានបឹងច្រមុះនិងបឹងកន្ទុយព្រមទាំងព្រៃធម្មជាតិដ៏ស្រស់ស្អាតដែលដុះនៅលើកំពូលភ្នំ។ល្អាងភ្នំក្រពើនេះមានលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរទៅកម្សាន្តពីព្រោះវានៅមិនខ្ពស់ពីដីដែលមានកម្ពស់ប្រហែលជា ០៤ ទៅ ០៥ ម៉ែត្រពីជើងភ្នំប៉ុណ្ណោះ។ល្អាងនេះមានខ្យល់អាកាសបរិសុទ្ធល្អត្រជាក់មានទីធ្លាធំទូលាយនិងផ្ទាំងថ្មធំៗសម្រាប់សម្រាកលំហែកាយ។ជាពិសេសទៅទៀតនោះគឺវាមានកាំជណ្ដើរឡើងទៅដល់កំពូលភ្នំដែលមានព្រះវិហារកំពុងតែសាងសង់ហើយនៅពីលើកំពូលភ្នំនេះយើងអាចស្រូបយកខ្យល់បរិសុទ្ធនិងទស្សនានូវទេសភាពយ៉ាងល្អស្រស់ត្រកាលដែលនៅជុំវិញភ្នំក្រពើនេះ។[១៤]

  • រមណីយដ្ឋានពពុះថ្ម

រមណីយដ្ឋានពពុះថ្ម មានទីតាំងស្ថិតនៅក្នុងភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្ដបាត់ដំបងដែលមានចម្ងាយប្រមាណ ៣៦.៨២ គីឡូម៉ែត្រដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់រមណីយដ្ឋានពពុះថ្ម។ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ទីនោះដោយរថយន្ដឬម៉ូតូតាមផ្លូវទៅកាន់ប្រាសាទបាណន់បានដោយសុវត្ថិភាព។រមណីយដ្ឋានពពុះថ្មគឺជារមណីយដ្ឋានធម្មជាតិដែលមានទីតាំងស្ថិតនៅស្របតាមដងស្ទឹងដែលមានប្រជាប្រិយភាពតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះហើយក្រោយមកក៏ត្រូវបានបោះបង់ចោលនៅក្នុងអំឡុងឆ្នាំ ១៩៧៥ ដោយសារតែតំបន់នេះគឺជាតំបន់សមរភូមិ។វាគឺជារមណីយដ្ឋានដែលផ្ដល់នូវភាពងាយស្រួលសម្រាប់ការកម្សាន្ត សម្រាកលំហែកាយ លេងទឹក ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង ចូលទស្សនាល្អាងភ្នំប្រាក់នៅជិតនឹងរមណីយដ្ឋានពពុះថ្មនោះទៀតផង។រមណីយដ្ឋាននេះគឺជារមណីយដ្ឋានធម្មជាតិដែលមានព្រៃដុះក្រាស់ផ្ដល់ជាម្លប់ប្រជាក់សម្រាប់ភ្ញៀវទេសចរមកអង្គុយលេងកម្សាន្តមានទឹកស្ទឹងថ្លាឆ្វង់សម្រាប់ងូតកម្សាន្តនិងមានផ្ទាំងថ្មធំៗ ថ្មប៉ប្រះទឹក ខ្សាច់សស្អាតនៅបាតស្ទឹងហើយនៅរដូវប្រាំងទឹកហូរជ្រែកផ្ទាំងថ្មបង្កើតបានជាពពុះទើបប្រជាជននិងភ្ញៀវទេសចរឲ្យឈ្មោះកន្លែងនេះថាពពុះថ្ម។លើសពីនេះទៅទៀតនៅជិតនឹងពពុះថ្មនេះមានភ្នំមួយគឺភ្នំប្រាក់ដែលមានដើមឈើយ៉ាងស្រស់បំព្រងនិងមានល្អាងជាច្រើនដែលអាចឲ្យយើងចូលទស្សនាបានទៀតផង។[១៥]

  • រមណីយដ្ឋានព្រែកទាល់ខេត្តបាត់ដំបង

រមណីយដ្ឋានព្រែកទាល់ គឺជាប្រព័ន្ធបរិស្ថានធម្មជាតិមួយគ្មានពីរដែលស្ថិតនៅខាងជើងឈៀងខាងលិចនៃក្រុងបាត់ដំបងមានចម្ងាយស្មើនឹងពាក់កណ្តាលផ្លូវនៃការធ្វើដំណើរតាមទូកពីខេត្តបាត់ដំបងទៅខេត្តសៀមរាប។​ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានដោយមធ្យោបាយទូក កាណូត អូប័រ និង ប្រើពេលប្រមាណ ០៧​ ម៉ោងនៅក្នុងរដូវវស្សានិង ១០ ម៉ោងនៅក្នុងរដូវប្រាំងអាស្រ័យលើល្បឿនកាណូត។រមណីយដ្ឋានព្រែកទាល់គឺជារមណីយដ្ឋានជម្រកសត្វស្លាបអាថ៌កំបាំងធម្មជាតិនៅក្នុងតំបន់ទន្លេសាបមួយដែលមានតាំងពីយូរលង់ណាស់មកហើយនៅទីនោះគឺជាជម្រកសត្វស្លាបដ៏ធំមួយនិងជាប្រភពតំណពូជសម្រាប់សត្វបក្សាបក្សីគ្រប់ប្រភេទ។[១៦]

  • រមណីយដ្ឋានល្អាងភ្នំទាក់ទ្រាំងខេត្តបាត់ដំបង

រមណីយដ្ឋានល្អាងភ្នំទាក់ទ្រាំង មានទីតាំងស្ថិតនៅក្នុងភ្នំទាក់ទ្រាំងដែលមានចម្ងាយ ៤១ គីឡូម៉ែត្រដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ល្អាង។យើងអាចធ្វើដំណើរទៅកាន់ភ្នំទាក់ទ្រាំងដោយចេញដំណើរពីក្រុងបាត់ដំបងតាមផ្លូវជាតិលេខ ៥៧ ទៅដល់សាលារៀនគីឡូ ៣៨ រួចបត់ស្ដាំដែលមានចម្ងាយ ០៣ គីឡូម៉ែត្រពីថ្នល់ជាតិយើងនឹងទៅដល់ភ្នំទាក់ទ្រាំងដែលស្ថិតនៅក្នុងភូមិសាស្រ្តភូមិគីឡូ ៣៨ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។រមណីយដ្ឋានល្អាងភ្នំទាក់ទ្រាំងគឺជាល្អាងភ្នំមួយដែលកើតមានឡើងតាំងពីយូរយារណាស់មកហើយដែលយើងពុំអាចកំណត់ថានៅឆ្នាំណានោះទេវាគឺជាល្អាងដែលស្ថិតនៅក្នុងរូងភ្នំដែលមានលក្ខណៈបត់បែនទៅតាមស្ថានភាពពីធម្មជាតិរបស់វា។[១៧]

  • រមណីយដ្ឋានទឹកធ្លាក់អូរជាំស្រុកសំឡូត

រមណីយដ្ឋានទឹកធ្លាក់អូរជាំ គឺជារមណីយដ្ឋានធម្មជាតិដែលស្ថិតនៅប៉ែកខាងលិចឈៀងខាងត្បូងក្រុងបាត់ដំបងមានចម្ងាយ ៨០ គីឡូម៉ែត្រពីក្រុងបាត់ដំបងស្ថិតនៅក្នុ្នងភូមិសាស្រ្តភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់ទឹកធ្លាក់តែម្តង។ទឹកធ្លាក់អូរជាំត្រូវបានរកឃើញនៅក្នុងឆ្នាំ ២០០៣ ដោយប្រជាជនដែលទៅរស់នៅទីនោះ។រហូតដល់ឆ្នាំ ២០០៧ ក៏មានប្រជាជនចូលទៅលេងទីនោះតែឃើញរឿងចម្លែកមួយគឺទឹកធ្លាក់ដែលមើលឃើញនោះថតអត់ជាប់បើតាមជំនឿប្រជាជននៅទីនោះគាត់ថាទឹកធ្លាក់នោះមានអ្នកតាកាន់។រហូតមកដល់ចុងឆ្នាំ ២០១៣ មានមន្ត្រីបរិស្ថាននិងសហគមន៍មួយឈ្មោះសហគន៍តំបន់ការពារធម្មជាតិអូរជាំបានសហការគ្នារៀបចំផ្លូវចូលទៅក្នុងរមណីយដ្ឋានទឹកធ្លាក់អូរជាំនេះ។ទឹកធ្លាក់នេះមានរយៈកម្ពស់ ៣០ ម៉ែត្រដែលហ៊ុំព័ទ្ធដោយផ្ទាំងថ្មធំៗនិងមានត្រពាំងមួយដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះ។ផ្លូវឡើងទៅកាន់រមណីយដ្ឋានមានលក្ខណៈពិសេសជាច្រើនដូចជាមានព្រៃព្រឹក្សា ជ្រលងដងអូរ ផ្ទាំងថ្ម និង ទឹកធ្លាក់ជាបណ្តាក់ៗចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំដែលបង្កើតជាបរិយាកាសសប្បាយរីករាយដល់ភ្ញៀវទេសចរមកទស្សនា។[១៨]

រមណីយដ្ឋានធម្មជាតិកែច្នៃ

[កែប្រែ]

រមណីយដ្ឋានវប្បធម៌

[កែប្រែ]

ឯកសារពិគ្រោះ

[កែប្រែ]
  1. ១,០ ១,១ "General Population Census of the Kingdom of Cambodia 2019 – Final Results" (PDF). National Institute of Statistics. Ministry of Planning. 26 January 2021. Retrieved 3 February 2021.
  2. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2020-08-09. Retrieved 2025-11-09.
  3. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2020-08-09. Retrieved 2025-11-09.
  4. Radio, VAYO FM. "ប្រវត្តិខេត្តបាត់ដំបងរបស់កម្ពុជា - វិទ្យុវាយោ". VAYO FM Radio (in អង់គ្លេស). Retrieved 2025-11-09.
  5. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2020-08-09. Retrieved 2025-11-09.
  6. "វិទ្យាស្ថានជាតិស្ថិតិកម្ពុជា អំពីស្រុកក្នុងខេត្តបាត់ដំបង". Archived from the original on 2008-07-14. Retrieved 2008-02-29.
  7. "www.cambodia.gov.kh". Archived from the original on 2009-02-26. Retrieved 2008-07-25.
  8. Radio, VAYO FM. "ប្រវត្តិខេត្តបាត់ដំបងរបស់កម្ពុជា - វិទ្យុវាយោ". VAYO FM Radio (in អង់គ្លេស). Retrieved 2025-11-09.
  9. "Request Rejected". www.battambang.gov.kh. Retrieved 2025-11-09.[តំណភ្ជាប់ខូច]
  10. Roeum, Ret (2019-08-06). "រមណីយដ្ឋានធម្មជាតិថ្វាកស្រុករតនមណ្ឌល - រដ្ឋបាលខេត្តបាត់ដំបង" (ជាen-US). រដ្ឋបាលខេត្តបាត់ដំបង. https://www.battambang.gov.kh/detail/4099. 
  11. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2025-06-20. Retrieved 2025-11-10.
  12. Roeum, Ret (2019-08-05). "រមណីយដ្ឋានភ្នំព្រះ - រដ្ឋបាលខេត្តបាត់ដំបង" (ជាen-US). រដ្ឋបាលខេត្តបាត់ដំបង. https://www.battambang.gov.kh/detail/4069. 
  13. SokMean (2018-10-27). "រមណីយដ្ឋានធម្មជាតិល្អាងភ្នំរំសាយសក់ - រដ្ឋបាលខេត្តបាត់ដំបង" (ជាen-US). រដ្ឋបាលខេត្តបាត់ដំបង. https://www.battambang.gov.kh/detail/832. [តំណភ្ជាប់ខូច]
  14. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2025-04-26. Retrieved 2025-11-09.
  15. SokMean (2018-10-25). "រមណីយដ្ឋានពពុះថ្ម - រដ្ឋបាលខេត្តបាត់ដំបង" (ជាen-US). រដ្ឋបាលខេត្តបាត់ដំបង. https://www.battambang.gov.kh/detail/826. 
  16. SokMean (2018-10-25). "ព្រែកទាល់ ខេត្តបាត់ដំបង - រដ្ឋបាលខេត្តបាត់ដំបង" (ជាen-US). រដ្ឋបាលខេត្តបាត់ដំបង. https://www.battambang.gov.kh/detail/822. 
  17. "Request Rejected". www.battambang.gov.kh. Archived from the original on 2025-05-14. Retrieved 2025-11-10.
  18. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2025-04-24. Retrieved 2025-11-10.